អនាគតនៃធនាគារ AI អាចនឹងធ្វើឲ្យអ្នករៀនជំនាញធនាគារកាន់តែពិបាករកការងារធ្វើ

បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងស្រុកខ្មែរយើងកាន់តែរីកចម្រើន ខណៈដែលនិន្នាការនៃការចាយលុយអនឡាញឬស្មាតហ្វូនចាប់ផ្តើមចូលខ្លួនក្នុងសង្គមសព្វថ្ងៃ ក្នុងនោះធនាគារមួយចំនួននៅស្រុកខ្មែរយើងបាននិងកំពុងក្លាយជាធានាគារឌីជីថល តួយ៉ាងដូចជា ABA E-Banking, ACLEDA E-Banking និង Maybank ។

បើនិយាយដល់អនាគតនៃធានាគារ AI វិញ យើងអាចចែកវាជាប្រភេទផ្សេងគ្នាដូចជា ធនាគារឌីជីថល (E-Banking) ដូចបានរៀបរាប់ខាងលើនេះ,​ ធនាគារបើកចំហរ (Open Banking) មានន័យថា​ ធនាគារមួយបានបើកចំហរឲ្យអ្នកដទៃយកបច្ចេកវិទ្យាដែលខ្លួនមានស្រាប់ទៅអភិវឌ្ឍន៍បន្ថែម ដើម្បីឲ្យសេវាកម្មកាន់តែប្រសើរ ប៉ុន្តែសព្វថ្ងៃ វាមិនទាន់មាននៅស្រុកខ្មែរទេ, ហើយដល់ដំណាក់កាលចុងក្រោយវាជាធនាគារដែលស្ទើរតែមិនប្រើមនុស្សទៅហើយ ជំនួសដោយបច្ចេកវិទ្យាទំនើបៗ បំភ្លេចចោលរបៀបធ្វើការបែបបុរាណ គេអាចប្រើប្រាស់ប្រតិបត្តិការផ្សេងៗលើអនឡាញតែម្តងដើម្បីកាត់បន្ថយថ្លៃចំណាយ និងភាពស្មុគស្មាញនៃធនាគារបែបបុរាណ ។
មើលឲ្យវែងឆ្ងាយទៅអនាគត អ្នកប្រាកដជាដឹងថា ធានាគារដែលរៀបរាប់ខាងលើជាតម្រូវការដែលមនុស្សមិនអាចខ្វះបាន ហើយអ្វីដែលជាគន្លឹះសម្រាប់ធនាគារទាំងនោះគឺ អ៊ីនធឺណេត ខណៈដែលសាខាធនាគារនឹងត្រូវកាត់បន្ថយ ចំណែកប្រតិបត្តិការធ្វើឡើងតាមបែបសិប្បនិម្មិត ។
ហើយបើគិតសាមញ្ញៗទៅ វាពិតជារឿងវិជ្ជមានសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែជាអវិជ្ជមានសម្រាប់អ្នករៀនជំនាញធនាគារ ដោយសារបច្ចេកវិទ្យាទាំងនេះនឹងកាត់បន្ថយថ្លៃចាយវាយច្រើន ងាយស្រួល និងមានប្រសិទ្ធភាព សម្រាប់អតិថិជនជំនាន់ក្រោយ ។
មកដល់ចំណុចនេះ និយាយឲ្យស្រួលស្តាប់ទៅ ធនាគារ AI មិនខុសអ្វីឡានដែលបើកដោយអត់មនុស្សទេ វាចេះគ្រប់គ្រងស្ថានភាពខ្លួនឯង វាស្គាល់ផ្លូវទៅរកគោលដៅ គ្រប់យ៉ាងនឹងលែងត្រូវការមនុស្សជាអ្នកគ្រប់គ្រងទៀតហើយ ។ លើសពីនេះ ធនាគារដែលប្រើមនុស្សតិចនឹងវិវត្តន៍លឿនជាងបច្ចេកវិទ្យាឡានបើកដោយឲ្យអត់មនុស្សទៀត ព្រោះការងារនៅធនាគារដំណើរការលើផ្លូវដដែលៗរាប់ថ្ងៃ ខុសពីឡានបើកស្វ័យប្រវត្តិត្រូវការសិក្សាស៊ីជម្រៅលើស្ថានភាពបើករបរ ។
ជាសារខ្លី​ចុងក្រោយ “អ្នកប្រើប្រាស់សេវាធនាគារនឹងកាន់តែងាយស្រួល ប៉ុន្តែអ្នករៀនជំនាញធនាគារនឹងត្រូវខ្វះខាតកន្លែងធ្វើការដោយសារបច្ចេកវិទ្យាទាំងនេះ” ជាក់ស្តែងធនាគារវ័យចំណាស់របស់កម្ពុជា អេស៊ីលីដា គ្រោងនឹងបិទបញ្ចប់ការជ្រើសរើសបុគ្គលិក នៅឆ្នាំ ២០១៩ ខាងមុខនេះ ខណៈអត្រាតម្រូវការបុគ្គលិកបានថយចុះជារៀងរាល់ឆ្នាំ ។
អត្ថបទដោយ ៖ business-cambodia.com

Post a Comment

Whatsapp Button works on Mobile Device only