កម្ពុជាគ្រោងបង្កើតតំបន់ទេសចរណ៍ត្រីកោណសមុទ្រជាមួយប្រទេសថៃ និងវៀតណាម

ប្រទេសកម្ពុជាគ្រោងបង្កើតតំបន់ទេសចរណ៍ត្រីកោណសមុទ្រ ជាមួយប្រទេសក្បែរខាងមានប្រទេសថៃ និងវៀតណា ក្នុងគោលដៅធ្វើទំនាក់ទំនងទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត ឲ្យមកលេងកម្សាន្តនៅខេត្តជាប់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាយើង។ នេះបើការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នាពេលថ្មីៗកន្លងមកនេះ។

ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ក្រោយបញ្ចប់គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតនៅដើមឆ្នាំ២០២០ កម្ពុជានិងភ្ជាប់កំពង់ផែទេសចរណ៍នេះ ទៅប្រទេសវៀតណាម និងថៃ តាមរយៈកិច្ចសហការត្រីកោណទេសចរណ៍វាងគ្នា។ នៅពេលគម្រោងកំពង់ទេសចរណ៍បានបញ្ចប់នឹងបង្កភាពងាយស្រួលដល់នាវាទេសចរណ៍ដឹកអ្នកដំណើរទៅវិញទៅមករវាងកម្ពុជា វៀតណាម និងថៃ។ ហើយការបង្កើតបុណ្យសមុទ្រផ្លាស់វេណគ្នារៀងរាល់ឆ្នាំ គឺក្នុងគោលបំណងស្រូបទាញភ្ញៀវឲ្យទៅដល់គោលដៅទេសចរណ៍សំខាន់ៗដែលយើងមាន។
ឯកឧត្តរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាយើងត្រូវបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវ​ទេសចរក្រៅពីភ្នំពេញ និងសៀមរាប នៅមានតំបន់ឆ្នេរសមុទ្រ ដែលកំពុងធ្វើការអភិវឌ្ឍ ធ្វើយ៉ាងណាបង្កើតផលិតផលទេសចរណ៍ឲ្យបានច្រើន និងមណ្ឌលទេសចរណ៍ធំៗ នៅតាមបណ្តាខេត្តកែប កោះកុង កំពត និងព្រះសីហនុជាដើម។
បន្ថែមពីលើនេះ នៅឆ្នាំ២០២០កម្ពុជាគ្រោងទទួលភ្ញៀវទេសចរណ៍វៀតណាមឲ្យបាន១លាននាក់ តាមរយៈកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍កម្ពុជា-វៀតណាម។ ហើយក្រៅពីទេសចរណ៍នៅតំបន់អង្គ និងភ្នំពេញកម្ពុជាកំពុងបង្កើតទេសចរណ៍សហគម ទេសចរណ៍តំបន់ជុំវិញបឹងទន្លេសាប និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនជាដើមលំដាប់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធក្នុងខេត្តតំបន់ឆ្នេរចំនួន៣ គឺខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រឹកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍។ ជាពិសេសការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ឆ្នេរ និងការបើកច្រកទេសចរណ៍ផ្លូវសមុទ្រទៅកាន់តំបន់ និងពិភពលោករបស់កម្ពុជា៕
អត្ថបទដោយ៖ ម៉ន វុទ្ធា   Email: vuthea.businesscambodia@gmail.com,Facebook:Morn Vuthea

Post a Comment

Whatsapp Button works on Mobile Device only