តៃវ៉ាន់៖ នេះជារឿងដ៏ក្តៅក្រហាយបំផុតដែលមហាជនទាំងអស់មានការស្អប់ខ្ពើមជាខ្លាំង។ ក្នុងនាមជាឪពុកម្តាយ គួរចេះថែរក្សាកូនៗឲ្យបានល្អ ប៉ុន្តែម្តាយអាយុ ២០ឆ្នាំរូបនេះបែរគិតតែសប្បាយភ្លើតភ្លើនជាមួយប្រុសស្នេហ៍ ទុកឲ្យកូនប្រុសដ៏កំសត់អាយុ ២ ឆ្នាំរូបនេះដាច់ពោះរហូតដល់ស្លាប់ទៅវិញ។
យោងតាមសារព័ត៌មានតៃវ៉ាន់បានរាយការណ៍ថា ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ រស់នៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែងដែលក្មេងប្រុសរូបនេះរស់នៅជាមួយនឹងម្តាយគេ និងមិត្តប្រុសរបស់ម្តាយគេ។ ម្តាយរូបនេះមានត្រកូល Lin បាននិយាយថា ដំបូងទ្បើយនាងបានរស់នៅផ្ទះនេះជាមួយនឹងសង្សារចាស់របស់នាងដែលត្រូវជាឪពុកបង្កើតរបស់ក្មេងដ៏គួរឲ្យអាណិតរូបនេះ។
យ៉ាងណាមិញ ពួកគេបានបែកគ្នាហើយនាងក៏បានរកការងារថ្មីធ្វើនៅក្នុងក្លិបរាត្រីមួយកន្លែង។ បន្ទាប់មកនាងក៏បានស្គាល់ប្រុសថ្មីម្នាក់ឈ្មោះ Xiao តាមរយៈអនឡាញ ហើយពួកគេក៏ក្លាយជាសង្សារនឹងគ្នា។ Xiao គ្មានការងារធ្វើទេ ហើយលោកតែងតែមកស្នាក់នៅផ្ទះ Lin ជានិច្ច បើទោះបីជាលោកដឹងថា Lin មានកូនតូចក៏ដោយ។
នាង Lin រកប្រាក់បានជាង ១៣០០ ដុល្លារក្នុងមួយខែ ប៉ុន្តែដោយសារមិត្តប្រុសរបស់នាងគ្មានការងារធ្វើ ដូច្នេះនាងត្រូវចិញ្ចឹមគេ ហើយនាងតែងតែចំណាយប្រាក់លើប្រុសស្នេហ៍នាងសប្បាយហ៊ឺហា។ កាលពីយប់ថ្ងៃសុក្រ សប្តាហ៍មុន ប៉ូលិសបានទទួលទូរស័ព្ទពីផ្ទះរបស់នាង Lin ហើយពួកគេបានរកឃើញថា កូនប្រុសរបស់នាងបានស្លាប់នៅក្នុងបន្ទប់ទឹក។
តាមរយៈការត្រួតពិនិត្យ ប៉ូលិសបានធ្វើការសន្និដ្ឋានថា ក្មេងប្រុស ២ ឆ្នាំរូបនេះបានស្លាប់ជាង ២ ថ្ងៃហើយ។ លើសពីនេះទៅទៀត ខ្លួនរបស់ក្មេងនេះប្រឡាក់សុទ្ធតែលាមកថែមទៀត។ វាត្រូវបានបង្ហាញថា នាង Lin រវល់តែធ្វើការ និងដើរលេងជាមួយមិត្តរបស់នាងជាងពីរបីថ្ងៃ ហើយក៏បានចាក់សោរទុកកូននាងចោលនៅក្នុងបន្ទប់ទឹកកាលពី ៣ថ្ងៃមុន ដោយសារក្មេងនេះយំឥតឈប់ ហើយនាងក៏បានចាកចេញទៅ។
នៅលើរាងកាយរបស់ក្មេងនេះគ្មានរបួសអ្វីទេ ដូច្នេះប៉ូលិសបានសន្និដ្ឋានថា ក្មេងនេះស្លាប់ដោយសារភាពអត់ឃ្លាន។ ក្មេងដ៏កំសត់នេះមានទម្ងន់តែ ៦គីទ្បូក្រាមប៉ុណ្ណោះ ប៉ុន្តែជាទូទៅ ក្មេងអាយុ ២ ឆ្នាំគួរតែមានទម្ងន់ជាង ១៤ គីទ្បូក្រាម។
ប៉ូលិសបានរាយការណ៍បន្ថែមទៀតថា ជនរងគ្រោះនេះគឺស្គមខ្លាំងណាស់ ស្គមរហូតទាល់តែពួកគេឃើញសុទ្ធតែឆ្អឹង ហើយមើលទៅដូចជាក្មេងនេះពុំបានញុំាអីគ្រប់គ្រាន់ជាងមួយឆ្នាំកន្លះហើយ។
ជាក់ស្តែង ក្មេងនេះមានប្អូនស្រីម្នាក់ទៀតដែលមានអាយុប្អូនគេមួយឆ្នាំ ប៉ុន្តែប្អូនគេបានស្លាប់កាលពីជាងមួយឆ្នាំកន្លះមុន មូលហេតុគឺដោយសារតែដាច់ពោះស្លាប់ដូចគ្នា។ ខាងប៉ូលិសបានរកឃើញថា នាង Lin មិនបានទិញម្សៅទឹកដោះគោ ឬអាហារទារកឲ្យកូននាងទេ ប៉ុន្តែនាងបែរជាឲ្យកូននាងញុំាតែអាហារសល់ ពីនាងនិងមិត្តប្រុសរបស់នាងតែប៉ុណ្ណោះ។
នៅពេលប៉ូលិសសួរប្រុសស្នេហ៍នាង លោក Xiao បាននិយាយថា លោកមិនដឹងពីទម្លាប់របស់ក្មេងប្រុសនេះទេ ហើយលោកបន្តនិយាយទៀតថា កូននេះមិនមែនជាកូនរបស់លោកទេ ហើយរឿងនេះគ្មានពាក់ព័ន្ធនឹងលោកដែរ។
បន្ថែមពីនេះទៀត ខាងប៉ូលិសក៏បានរកឃើញថា គូស្នេហ៍នេះមិនបានប្តឹងប៉ូលិសភ្លាមៗនោះទេ នៅពេលក្មេងនេះស្លាប់ ផ្ទុយទៅវិញពួកគេបែរជាទៅដើរលេងនៅសួនច្បារជាមួយមិត្តភក្តិរបស់គេជាង ២ ម៉ោងទៅវិញ។
ប៉ូលិសបានរកឃើញថា ក្រុមគ្រួសាររបស់នាង Lin រស់នៅក្រុង Chiayi ហើយពួកគេមិនចង់ជួយចិញ្ចឹមកូនរបស់នាង Lin ទេ។ បច្ចុប្បន្ននេះ ប៉ូលិសកំពុងរៀបចំសំណុំរឿងនេះ ហើយនឹងបញ្ជូននាងទៅតុលាការដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕
Post a Comment